ភាព​ស្មោះស​នៃ​ទឹក​ភ្នែក​រាស្ត្រ​ខ្មែរ ចំពោះ​ព្រះមហាវីរក្សត្រ​


pp-cry-regrat-king-ratanak-pov

ពលរដ្ឋ​រង​ចាំ​ព្រះបរម​សព​ព្រះ​មហាវីរក្ស្តត្រ ដោយ​ក្តី​សោក​សង្រែង នៅ​ក្បែរវិមាន​ឯករាជ្យ នៅ​ថ្ងៃទី​១៧​តុលា (រូបថត ពៅ មេត្តា)

ចាប់ ​តាំង​​ពី​ព្រ​លឹម​ទល់​​ព្រលប់ នៃ​​ថ្ងៃ​ទី​១៧ ខែ​​តុលា​ ​ឆ្នាំ​២០១២ ​​ធាតុ​​អាកាស​ ក្នុង​រាជ​ធានី​ភ្នំពេញ មាន​សភាព​ក្តៅ​ហែង​។ យូរៗ​​ម្តង​ ​ស្បៃ​​ពពក​​ពណ៌ស​​និង​​ប្រផេះ បាន​​ហោះ​​កាត់​ព្រះ​​អា​ទិត្យ​​នៃ​​រដូវ​​វស្សា បាន​​​ធ្វើ​​ឲ្យ​​បរិយា​​កាស​​នៅ​ពេល​​ខ្លះ មាន​​ភាព​​ស្រទំ​​ម្តងៗ​ ក្នុង​រយៈ​ពេល​​ខ្លី​​។

​​​​នៅ​​ថ្ងៃ​​នេះ ​នៅ​​តាម​​ដង​​ផ្លូវ​​​ចាប់​​ពី​ព្រលាន​​យន្ត​​ហោះ​អន្តរ​​ជាតិ​ភ្នំ​ពេញ​ រហូត​​​ដល់​​ព្រះ​​បរម​​រាជ​​វាំង មនុស្ស​ម្នា​​រាប់​​សែន​​នាក់​​ ណែន​ណាន់​​តាន់​​តាប់​ ប្រដាប់​​ដោយ​​ផ្កា ធូប និង​​ទៀន បាន​​ប្រជ្រៀត​​គ្នា ដើម្បី​​​ទទួល​ព្រះ​​បរម​​សព​​សម្តេច​​ព្រះ​​មហា​​វី​រ​ក្សត្រ ​ព្រះ​បាទ នរោត្តម​ សីហនុ។ ​ដំណក់​​ទឹក​​ភ្នែក សម្រែក​​យំ​ខ្សឹក​​ខ្សៀវ បាន​ឮ​​រហឹម​ៗ ​នូ​វ​ក្នុង​​ហ្វូង​​មនុស្ស ​នៅពេល​ដែល​ព្រះ​បរម​សព​​របស់​​ព្រះ​មហា​វីរក្សត្រ​ដង្ហែ​​​កាត់​​មុខ​​របស់ ​​ពួក​គេ។ ​ដំណក់​ទឹក​ភ្នែក​​នៅ​ពេល​នេះ មិន​មែន​ជា​ដំណក់​​ទឹក​ភ្នែក​​ដែល​​ត្រូវ​​គេ​​បង្ខំ ឬវាយ​​ដំ​​នោះ​​ទេ គឺ​​ជា​​ទឹក​​ភ្នែក​​របស់​​ប្រជារាស្ត្រ​ខ្មែរ ដែល​មាន​ភាព​ស្មោះ​ស យំ​អាឡោះ​អាល័យនូវ​ការ​លា​ចាក​លោក​របស់​​ព្រះ​មហាវីរក្សត្រ​។

ស្តាប់សំឡេង៖

ស្ត្រី​​​វ័យ​ជាង​៥០​ឆ្នាំ ​មក​ពី​ខេត្តព្រៃ​វែង កំពុង​តែ​ដុតធូប​ខាង​មុខ​ព្រះ​ឆាយាល័ក្ខណ៍​​របស់​ព្រះ​មហាវីរ​​ក្សត្រ នៅ​​មុខ​ព្រះបរម​​រាជវាំង បាន​និយាយ​ទាំង​ទឹក​ភ្នែក​​រលីង​​រលោង និង​​សំឡេង​​ស្អក​ៗ​ថា គាត់​​មាន​ការ​សោក​ស្តាយ​ព្រះ​មហាវីរក្សត្រ​​ដ៏​ពន់​​ពេក ពី​ព្រោះ ព្រះ​អង្គ គឺ​​ជា​​ក្សត្រ​​មួយ​​អង្គ​​ដែល​​​ផ្តល់​​ភាពត្រជាក់​ត្រជុំ​ ដល់ប្រជានុរាស្ត្រ​ខ្មែរ។ អ្នកស្រី ខឹម សារឿន​ ដែលផ្ទៃមុខ​របស់​គាត់​ខ្មៅ​​​ជាំ ដោយ​​សារ​​តែ​​ការ​ដុត​​រោល​​នៃ​កំដៅព្រះ​អាទិត្យ បាន​បន្លឺក្នុង​ពិធី​សូត្រ​ធម៌​​ជាមួយ​នឹង​មនុស្ស​វ័យ​​ចំណាស់ៗ​​​ជាច្រើន​​ នាក់ថា ៖ ” លោក​​​ជា​ព្រះ​ពោធិសាត់ លោក​ជា​ព្រះ​ពិត​ៗ មិន​មែន​ជាព្រះ​ក្លែង​ក្លាយ​ទេ លោក​គឺ​ជា​ព្រះ​ពិតៗ បន្ត​ពី​ព្រះ​មកគឺ​មាន​តែ​លោក​ហ្នឹង​ហើយ​ ក្មួយ​អើយ​ក្មួយ​ ឥឡូវ​យើង​អស់​ព្រះ​ហើយ ព្រះ​តំណាង​បន្ត មាន​តែ​រូប​សំណាកទេ គ្មាន​ព្រះ​ពិត​ទេ ព្រះ​ពិត​គឺ​លោក មើល​ព្រះ​ភក្ត្រ​លោក​ទៅ ញញឹម​ដោយ​ទុក្ខ​ក្រៀម​ក្រំ លោក​មិន​ដែល​មាន​ក្តី​សប្បាយ​ទេ”។

មួយ​សប្តាហ៍នៃ​ការ​គោរព​ព្រះ​វិញ្ញាណ​​ក្ខន្ធ​របស់​ព្រះ​មហាវី​ក្សត្រ ​នៅជុំ​វិញ​​ព្រះ​បរម​​រាជ​​វាំង គឺ​​ចាប់​​តាំង​​​ពី​ព្រលឹម​ទល់​​ព្រលប់ មនុស្ស​​ម្នា​ ក្មេង​​ចាស់​ ប្រុស​​ស្រី មន្ត្រីរាជការ កម្មករ​ គ្រូបង្រៀន បាន​នាំ​គ្នា សម្រុក​​​ចូល ​ដើម្បី​អុជ​​ធូប​គោរព​ព្រះ​វិញ្ញាណ​​ក្ខន្ធ។​​ នៅ​ក្នុង​​រាជ​​​​ធានី​​ភ្នំពេញ​​ទាំង​មូល មាន​​ភាព​​ស្ងប់​ស្ងាត់​ខុស​ពីពេល​មុន​។ ក្លឹប​កំសាន្ត​ដែល​​មាន​​ចាក់​​ភ្លេង​​ឌីស្កូ ក្លឹប​​​ខា​​រ៉ា​អូខេ​នានា ត្រូវ​បាន​​​បិទ​ទាំង​​អស់​​ក្នុង​​រយៈ​​ពេល​​មួយ​​សប្តាហ៍​ ដើម្បី​ចូលរួម​កាន់​​​ទុក្ខ។

នៅ​អំឡុង​ពេល​នេះ ​​ទិដ្ឋ​ភាព​មុខ​វាំង មើល​ពី​លើ ហាក់ដូចជាកម្រាល​​ព្រហ្មដែល​មាន​ពណ៌​​លឿង ព័ណ៌​ស និង​ពណ៌​ចម្រុះ​​ផ្សេង​ទៀត ដោយ​សារ​​តែ​នៅ​ទី​​នេះ ពេញ​​​ទៅ​ដោយ​​ព្រះ​​សង្ឃ​ និង​​ប្រជា​នុ​​រាស្ត្រ​​​ខ្មែរ​​គ្រប់​​ស្រទាប់​​វណ្ណៈ។ សំឡេង​​សូត្រ​ធម៌ បាន​​ឮ​ទ្រហឹង​​ពេញ​​​មុខ​​​ព្រះ​​បរម​​​រាជ​​វាំង។

នៅ​​ក្នុង​រយៈពេលមួយ​សប្តាហ៍​ពេញ នរណាៗ ក៏​ទប់​​ទឹក​​ភ្នែក​​មិន​​បាន​​ដែរ។ នៅពេល​រសៀល​នៃ​ថ្ងៃមួយ ព្រះមហាក្សត្រ​​សម្តេច​​​​ព្រះ​បរម​នាថ នរោត្តម​ សីហមុនី និង​សម្តេច​​​​ព្រះ​​វរ​រាជ​​មាតា​ បាន​យាង​ក្នុង​ព្រះ​រាជ​ដំណើរ​ទ្រេត​​ទ្រោត ទត​​​មើល​ប្រជា​នុរាស្ត្រ​​របស់​ព្រះ​អង្គ មក​​គោរព​​ព្រះ​​វិញ្ញាណ​​​​ក្ខន្ធ​​ព្រះ​មហា​វីរ​ក្សត្រ​ខាង​​មុខ​​ព្រះ​ បរម​​រាជ​​វាំង​។ ​​ស្តេច​​ទាំង​​ពីរ​​ព្រះ​​អង្គ​ បាន​​ទ្រង់​​ព្រះ​​​កន្សែង សោយ​​​​​សោក ដោយ​​ទត​​ឃើញ​​ប្រជានុ​រាស្ត្រ​​របស់​​ព្រះ​​អង្គ​​​រាប់​​សែន​​​នាក់ បាន​​ចូល​រួម​​គោរព​ព្រះ​​វិ​ញ្ញាណ​​ក្ខន្ធ​​ព្រះ​មហាវីរ​ក្សត្រ​។ ព្រះ​មហា​ក្សត្រ​ បាន​​​ទ្រង់​​ព្រះ​​កន្សែង ឱប​​ព្រះ​​​កេស​​សម្តេច​​​​ព្រះ​​​មាតា នៅ​​ចំពោះ​​មុខ​​ប្រ​​ជា​នុរាស្ត្រ​​របស់​​ព្រះ​អង្គ។

នៅ​តាម​កញ្ចក់​ទូរទស្សន៍ និង​នៅ​តាម​ស្ថានីវិទ្យុ​ទាំង​អស់​​ក្នុងប្រទេស ក្នុង​មួយ​​សប្តាហ៍​​នេះ គេ​​អាច​​​មើល​​ឃើញ និង​​ស្តាប់​​ឮ​តែ​​ពី​សកម្ម​​ភាព​​គោរព​​ព្រះ​បរម​​សព និង​​សារ​​រំលែក​​ទុក្ខ​ព្រះ​មហា​វី​រក្សត្រ​​​តែ​ប៉ុណ្ណោះ។ ជាមួយគ្នា​នេះ ឯក​សារ​​ជីវ​​ប្រវត្តិ​​នៃ​​ស្នា​ដៃ​ដឹក​នាំ​របស់​​ព្រះ​មហា​​វីរ​​ក្សត្រ ត្រូវ​​បាន​​គេ​​ផ្សព្វ​​ផ្សាយ​​ព្រោង​ព្រាត ដែល​ឯកសារ​​ខ្លះ​​មិន​​ធ្លាប់​បាន​​ឃើញ​​តាំង​ពី​មុន​​មក​​ទេ។​​ នៅ​​តាម​​បណ្តាញ​​​ផ្សព្វ​ផ្សាយ​​សង្គម​​ហ្វេស​ប៊ុក មាន​រូបភាព​ជាច្រើន ត្រូវ​បាន​គេបង្ហោះ​ឡើង នោះភាគ​ច្រើ​ន​រូប​ភាព​​ព្រះ​​មហា​វីរក្សត្រ និង​រូប​ភាព​​ពី​​បរិយា​កាស​​នៃ​​ការ​​គោរព​​ព្រះ​​បរម​​សព។ អ្នក​​លេង​​ហ្វេស​​ប៊ុក​​ភាគ​​ច្រើន បង្ហាញ​​នូវ​​​ភាព​អាឡោះ​​អាល័យ​​របស់​​ពួក​គេ ចំពោះ​ព្រះ​មហា​វីរ​ក្ស​ត្រ។

ស្ត្រី​ម្នាក់​សួស សារ៉ាម ​នៅរាជ​ធានីភ្នំពេញ​ បាន​​និយាយ​កោត​សរ​សើរ​ពី​ស្នា​ព្រះហស្ត​របស់​​ព្រះ​​ម​ហាវីរ​ក្ស​ត្រ​​ថា ៖ “មាន​អារម្មណ៍​ដូច​ថា អាណិត​គាត់​ មាន​ស្នា​ដៃក្នុង​ប្រទេស​កម្ពុជា​យើង​តាំង​ពី​ដើម​មក​ អារម្មណ៍​យើងដូច​ថា​​ដិត​ជាប់​នៅ​ជាមួយ​គាត់​អញ្ចឹង”។

ដោយ​ភាព​ស្មោះ​សចំពោះ​​ព្រះ​មហាវីរក្សត្រ បាន​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ខ្មែរ គិត​​ថាព្រះ​អង្គ មាន​ព្រះបារមី​ខ្លាំង​។ នៅ​ពេល​​ខ្លះ ប្រជា​រាស្ត្រ​​ខ្មែរ បាន​​នាំ​គ្នា​​ផ្អើល​​ នាំ​គ្នា​​មើល ថាមាន​ព្រះភក្ក្រ​​ព្រះអង្គមាន​នៅក្នុងរង្វង់​​ព្រះច័ន្ទ និង​រូប​​ពពក​​ហោះ​​កាត់​​ព្រះ​ច័ន្ទ​​ដែល​​មាន​ព្រះ​​ភក្ក្រ​​ព្រះ​អង្គ​​ ថែម​​ទៀត​ផង។ ជាមួយ​គ្នានេះ ប្រជារាស្ត្រ នាំ​គ្នា​ផ្អើល​ទិញ រូបព្រះ​ឆាយា​ល័ក្ខណ៍​​របស់​ព្រះ​មហាវី​រ​ក្សត្រ ដែល​ឈ្មួញ​​បាន​​ដាក់​​លក់​​នៅ​ខាង​​មុខ​ព្រះបរម​​រាជ​​វាំង​​ផង​ ដើម្បី​យក​ទី​តាំង​នៅ​គេ​ហ​ដ្ឋាន ដោយ​​ពួក​គេ​គិតថា ការ​ដែល​មាន​​ព្រះ​ឆាយា​ល័ក្ខ​ណ៍​​របស់​ព្រះ​អង្គ​​នៅ​​ក្នុង​ផ្ទះ អាច​​ជួយ​​ពួក​​គេ និង​​ក្រុម​​គ្រួសារ​​ឲ្យ​​មាន​​សេចក្តី​​សុខ និង​​សុ​ភ​មង្គល​។​

បុរស​វ័យ៧៥​ឆ្នាំ​ ឈ្មោះ​លោក​តា ម្រុំ ​បច្ចុប្បន្ន​រស់​​នៅ​តំ​បន់​​បឹង​ទន្លេ​​សាប​ ដែល​បាន​ទិញ​ព្រះ​ឆាយាល័ក្ខណ៍​​ព្រះ​​មហា​វីរក្សត្រ​នៅ​ខាង​​មុខ​​ព្រះ​​បរម ​​រាជ​​វាំង បាន​និយាយថា លោក​ជឿថា ព្រះ​បារមី​​របស់​​ព្រះ​​មហា​វីរ​ក្សត្រ នឹង​​ជួយ​​ផ្តល់​​ព​រ​​សពសាធុការ​​ដល់​ប្រជា​រាស្ត្រ​​ខ្មែរ និង​ជួយ​ឲ្យ​ខ្មែរ មាន​ការ​រួប​រួម​គ្នា ដើម្បីភាព​រីក​ចម្រើន​នៃ​ប្រទេស ៖ “មាន​បាលី​មួយដែល​បង​ៗ​ខ្ញុំ​គាត់​ចាំ​ថា ព្រះសីហនុ​ជា​កំពូលពេជ្រ ភាវនា​កុំភ្លេច​ ពុទ្ធោ​អារហំ ព្រះ​ធរណីបិទ ព្រះ​ធរណីបាំង ពុទ្ធោ​អារហំ សម្មា​ពុទ្ធោ។ ហើយ​កាលដែល​​គេ​ឃើញ​ រូប​ព្រះ​ឆាយាល័ក្ខណ៍​​ព្រះ​អង្គ នៅ​មណ្ឌល​ព្រះច័ន្ទ មិន​មែន​ទើប​ឃើញទើប​តែ​ឥឡូវ​នេះ​ទេ​ តាំង​ពី​ទស្ស​វត្សរ៍​៥០ ៦០​ក៏​ឃើញ​ដែរ”។

ព្រះ​មហាវីរ​ក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ សោយ​ទិវង្គត នៅថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​​២០១២ នៅប្រទេស​​ចិន ក្នុង​​ព្រះ​ជន្មា​យុ​ ៩០​ព្រះ​​វស្សា ដោយ​រោគា​ពាធ។ ចាប់​តាំងពីថ្ងៃ​ ដង្ហែ​​ព្រះ​​បរម​​សព​របស់ព្រះអង្គ​ដល់​មាតុ​​ប្រទេស ប្រជា​នុរាស្ត្រ​ខ្មែរ ទាំង​ចាស់​ទាំង​​ក្មេង ទាំង​ស្រី ​ទាំង​ប្រុស បាន​សម្រុក​ចូល​រាជធានីភ្នំពេញ ដើម្បីចូលរួម​គោរព​ព្រះវិញ្ញាណ​​ក្ខន្ធ ដោយ​ភាព​ស្មោះ​ស​។ ក្នុង​រយៈ​ពេល​​​មួយ​​សប្តាហ៍នេះ នៅ​ខាង​មុខ​ព្រះបរម​រាជ​វាំង ​មាន​ព្រះ​សង្ឃ និង​ប្រជារាស្ត្រ​រាប់​​​សែន​​​នាក់ កកកុញ ដែល​​ឮសូ​រ​តែ​​សំឡេង​សូត្រ​ធម៌ សំឡេង​​យំ​​ក្សុក​ក្សួល​ ​ដែល​​ភាព​​ខ្សឹក​​ខ្សួល​នៅ​ពេល​នេះ ​មិន​មាន​នរ​ណា​​ម្នាក់​ទិញ​​ទឹក​​ចិត្ត​​ ឬបង្ខំ​​គាត់​​ឲ្យ​ធ្វើ​បែប​នេះ​នោះ​ទេ។ ​ផ្កាឈូក និ​ង​​ផ្កា​​ចម្រុះ រាប់​​លាន​​ទង ត្រូវ​បាន​គេ​​​ដាក់​​ថ្វាយ​ ចំពោះ​ព្រះបរម​​សព។ ភាព​អាឡោះអាល័យ ការ​ស្តាយ​​ស្រណោះ នៅ​តែស្ថិ​ត​នៅ​ក្នុងដួង​ចិត្ត​​ប្រជានុរាស្ត្រ​ខ្មែរស្ទើ​គ្រប់​ៗ ចំពោះ​ការ​លា​ចាកលោក​​​របស់​ព្រះ​មហា​វី​រ​ក្សត្រ​​ដែល​មិន​អាច​ត្រឡប់​ វិញនេះ​៕http://vodhotnews.com/

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្រវត្តិសាស្ត្រ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s