សេចក្ដី​រាយការណ៍​ពិសេស​ស្ដី​អំពី​ប្រាសាទ​ព្រះវិហារ


នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា នេះ គឺ​ជា​ថ្ងៃ​ទី​មួយ​ដែល​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ បើក​សវនាការ​មួយ ដើម្បី​ស្ដាប់​ការ​បកស្រាយ​ដោយ​ផ្ទាល់​មាត់​ពី​ភាគី​កម្ពុជានិង​ថៃ ទាក់​ទង​នឹង​ទំនាស់​ប្រាសាទ​ព្រះវិហារ។
ដោយ ជុន ច័ន្ទបុត្រ
តុលាការ ឡាអេ ៣០៥

ទិដ្ឋភាព​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅ​ថ្ងៃ​បើក​សវនាការ​ស្ដាប់​ការ​បកស្រាយ​ផ្ទាល់​មាត់​រវាង​ភាគី​កម្ពុជា និង​ថៃ ស្ដីពី​បញ្ហា​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​២០១៣។

លោក ជុន ច័ន្ទបុត្រ ​រៀបចំ​កម្មវិធី​ពិសេស​មួយ​ដែល​ផ្តោត​ទាំង​ស្រុង​ទៅ​លើ​រឿងរ៉ាវ​ទាំង​ឡាយ​ ស្តី​អំពី​ប្រាសាទ​ព្រះវិហារ ដោយ​មាន​រៀបរាប់​ពី​ប្រវត្តិ និង​លក្ខណៈ​ផ្សេងៗ​នៃ​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​រំលឹក​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ទាំង​ឡាយ​ ទាក់​ទង​ទៅ​នឹង​បូជនីយដ្ឋាន​ដ៏​ពិសិដ្ឋ​នេះ៖

 

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ នេះ បាន​សម្រេច​​សាលក្រម​ឲ្យ​កម្ពុជា ទទួល​ជ័យ​ជម្នះ​ក្នុង​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ។ ទោះ​ជា​ការ​សំរេច​នេះ​មាន​រយៈ​ពេល​ជិត​កន្លះ​សតវត្ស​ទៅ​ហើយ​ក្ដី ទំនាស់​ប្រាសាទ​ព្រះវិហារ​នៅ​តែ​មាន​បន្ត​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ឯកសារ​សិលាចារឹក​បាន​បង្ហាញ​ច្បាស់​ថា ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​បួន​អង្គ បាន​ចូល​រួម​កសាង​​ប្រាសាទ​ព្រះវិហារ នៅ​ក្នុង​រាជ​នីមួយៗ របស់​ព្រះអង្គ ដែល​បាន​ធ្វើ​អោយ​ប្រាសាទ​ព្រះវិហារ ក្លាយ​ជា​មហា​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ​របស់​ប្រជាជាតិ​ខ្មែរ។

ប្រវត្តិ​ប្រាសាទ​ព្រះវិហារ

តាំង​ពី​សម័យ​បុរាណ​កាល​មក គឺ​អស់​រយៈពេល​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ ប្រាសាទ​ព្រះវិហារ​បាន​ឈរ​ជា​តឹកតាង​នៃ​ស្នាដៃ​សំណង់ និង​សិល្បៈ​វប្បធម៌​ដ៏​ល្អ​ឯក។ រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន កេរដំណែល​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ក្រោម​ការ​ជ្រោមជ្រែង​របស់​អង្គការ​យូណេស្កូ (UNESCO) ចាត់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា។

ថ្វីត្បិតតែ​ពេល​នេះ​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ព្រំដែន​ខ្មែរ-​ថៃ មែន តែ​កាល​ពី​ប្រាសាទ​នេះ​ត្រូវ​បាន​​សាង​សង់ ទីតាំង​នេះ​ស្ថិត​នៅ​តំបន់​កណ្ដាល​នៃ​ចក្រភព​ខ្មែរ​នៅ​ពេល​នោះ។ កាល​ណោះ​ទឹក​ដី​ខ្មែរ​មាន​វិសាលភាព​ធំធេង គ្រប​ដណ្ដប់​មួយ​ភាគ​ធំ​នៃ​ទឹក​ដី​ប្រទេស​ថៃ និង​ឡាវ បច្ចុប្បន្ន​នេះ​ផង។

ប្រាសាទ​ព្រះវិហារ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ខុស​​ពី​ប្រាសាទ​ខ្មែរ​ដទៃ​ទៀត​ ដែល​ភាគ​ច្រើន​បែរ​មុខ​​ទៅ​ទិស​ខាង​កើត ខាង​លិច ឬ​ខាង​ត្បូង។ ត្រង់​ចំណុច​នេះ លោក ប្រាក់ សុណ្ណារ៉ា ជា​អគ្គ​នាយក​រង​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ បញ្ជាក់​ថា ការ​សង់​ប្រាសាទ​ខ្មែរ​មិន​កំណត់​​ថា ត្រូវ​តែ​បែរ​មុខ​ទៅ​ទិស​ខាង​ណា​ទេ ភាគ​ច្រើន​គឺ​ផ្អែក​ទៅ​លើ​លក្ខណៈ​ភូមិសាស្ត្រ​ច្រើន​ជាង។ គឺ​បើ​អំណោយផល​ទៅ​ទិស​ណា ការ​សាងសង់​ក៏​បែរ​មុខ​ទៅ​ទិស​នោះ​ទៅ។

លោក ប្រាក់ សុណ្ណារ៉ា ៖ «ប្រាសាទ​ខ្មែរ​ហ្នឹង​គឺ​ថា មែន​ទែន​ទៅ គឺ​ថា បែរ​មុខ​ទៅ​គ្រប់​ទិស។ គឺ​ថា ទិស​ធំៗ​មាន ៤ ហ្នឹង គឺ​បែរ​ទៅ​ទិស​ទាំង ៤​ហ្នឹង​តែម្ដង ប៉ុន្តែ​ភាគ​ច្រើន ប្រាសាទ​ខ្មែរ​បែរ​មុខ​ទៅ​កើត ដែល​គេ​ចាត់​ទុក​ថា ទិស​ខាង​កើត កើត​នោះ​ណា… ជា​ទិស​ដែល​ល្អ​ជាង​គេ។ ប៉ុន្តែ​បើ​និយាយ​ថា ទិស​ដែល​វា​ពិសិដ្ឋ ពិសិដ្ឋ​មែន​ទែន​របស់​ខ្មែរ​ហ្នឹង គឺ​ទិស​ឦសាន។ ទិស​ឦសាន គឺ​ខាង​ជើង​ឆៀង​ខាង​កើត។ អ៊ីចឹង​ប្រាសាទ​ខ្មែរ​ក៏​មាន​ដែរ បែរ​មុខ​ទៅ​ទិស​ហ្នឹង។ អ៊ីចឹង​បែរ​មុខ​ទៅ​កើត​ក៏​មាន បែរ​មុខ​ទៅ​លិច​ក៏​មាន បែរ​មុខ​ទៅ​ជើង​ក៏​មាន ហើយ​បែរ​មុខ​ទៅ​ត្បូង​ក៏​មាន។ ប៉ុន្តែ​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ភាគ​ច្រើន។ តាម​ពិត​ទៅ​តាម​ទីតាំង​ភូមិ​សាស្ត្រ។ ទីតាំង​ភូមិសាស្ត្រ​ហ្នឹង​មិន​អនុញ្ញាត​សាងសង់​អោយ​បែរ​មុខ​ទៅ​ទិស​ខាង​ ត្បូង ឬ​ទិស​ខាង​កើត ឬ​ទិស​ខាង​លិច​បាន។ អ៊ីចឹង​មាន​ន័យ​ថា បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ អា​ហ្នឹង​ចំណុច​ទី​មួយ។ ហើយ​មិន​មែន​មាន​ន័យ​ថា ដូន​តា​ខ្មែរ​ជំនាន់​នោះ​សាងសង់​ប្រាសាទ​ហ្នឹង មាន​ន័យ​ថា ទឹក​ដី​ថៃ វា​មក​ដល់​ហ្នឹង​ទេ វា​អត់​ទេ! បើ​យើង​ពិនិត្យ​ទៅ​លើ​ប្រវត្តិសាស្ត្រ។ មាន​ន័យ​ថា វិសាលភាព​ទឹក​ដី​ខ្មែរ​នៅ​សម័យ​ចក្រភព​អង្គរ​នោះ​ធំ​ណាស់…»

ដោយ​ទឹក​ដី​ខ្មែរ​ពេល​នោះ​លាត​សន្ធឹង និង​គ្រប​ដណ្ដប់​ភាគ​ខាង​ជើង​នៃ​ជួរ​ភ្នំ​ដង​រែក ហើយ​បូក​ផ្សំ​នឹង​លក្ខណៈ​ភូមិសាស្ត្រ​ផង​នោះ ព្រះរាជា​ខ្មែរ​ក៏​សង់​ប្រាសាទ​ព្រះវិហារ អោយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង សម្លឹង​ទៅ​ខេត្ត​​ខ្មែរ​បុរាណ​មួយ​ចំនួន ដូចជា​ខេត្ត​ស៊ីសាកេត សុរិន្ទ បុរីរម្យ បច្ចឹមបុរី និង​នគរ​រាជ​សីមា ជាដើម មិន​មែន​បែរ​មុខ​ទៅ​ប្រទេស​ថៃ នោះ​ទេ។ បច្ចុប្បន្ន​ខេត្ត​ខ្មែរ​ពី​បរមបុរាណ​ទាំង​នេះ​បាន​ក្លាយ​ជា​ខេត្ត​របស់​ថៃ ទៅ​ហើយ។

ព្រះរាជា​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​កសាង​ប្រាសាទ​ព្រះវិហារ​នេះ​មុន​គេ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១។ ព្រះអង្គ​គ្រង​រាជ​នៅ​ចន្លោះ គ.ស. ៨៨៩ និង ៩១០។ ការ​កសាង​ដំបូង​នេះ គឺ​នៅ​ក្នុង​រាជ​របស់​ព្រះអង្គ​នា​ចុង​សត​វត្ស​ទី​១០។ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១ នេះ​ហើយ ជា​ស្ថាបនិក​នៃ​រាជធានី យសោធរបុរៈ គឺ​ក្រុង​អង្គរ​នៅ​ខេត្ត​សៀមរាប។

ព្រះអង្គ​សង់​ប្រាសាទ​នេះ​លើ​ភ្នំ​ធម្មជាតិ​ដែល​មាន​ស្រាប់ គឺ​ភ្នំ​ដងរែក ហើយ​ទ្រង់​ដាក់​ឈ្មោះ​ប្រាសាទ​នេះ​ថា ប្រាសាទ “ព្រះសិខារេស្វរៈ” ដែល​មាន​ន័យ​ថា “ព្រះឥសូរ​ជា​ម្ចាស់​នៃ​កំពូល​ភ្នំ”។ នេះ​គឺ​ជា​ឈ្មោះ​ដើម​ពិត​នៃ​ប្រាសាទ​ព្រះវិហារ។ ព្រះ​បាទ យសោ​វរ្ម័ន​ទី​១ កសាង​ប្រាសាទ​នេះ​ឡើង ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ ឬ ព្រះសិវៈ និង​ដើម្បី​ធ្វើ​ជា​ទី​គោរព​បូជា​សម្រាប់​ព្រះ​មហាក្សត្រ និង​ប្រជារាស្ត្រ​ខ្មែរ ដែល​​រស់​នៅ​លើ​ខេត្ត​បុរាណ​ខ្មែរ ​ជុំ​វិញ​តំបន់​នោះ។

មក​ដល់​ដើម​សតវត្ស​ទី​១១ ក្នុង​រាជ​ព្រះបាទ សុរិយាវរ្ម័នទី១ ព្រះអង្គ​បាន​សាង​សង់​បន្ថែម​នូវ​អគារ និង​គោបុរៈ មួយ​ចំនួន​ទៀត។ បន្ទាប់​មក នៅ​ក្នុង​រាជ​ព្រះបាទ ជ័យវរ្ម័ន​ទី​៦ នៅ​ក្នុង​សតវត្ស​ទី​១១ និង​ដើម​សតវត្ស​ទី​១២ ព្រះអង្គ​បាន​សង់​បន្ថែម​នូវ​បណ្ណាល័យ ២ និង​ជួសជុល​អាគារ​មួយ​ចំនួន​ផង។

ការ​សាងសង់​បន្ថែម​ចុង​ក្រោយ​បង្អស់ គឺ​ធ្វើ​ឡើង​ដោយ​ព្រះបាទ សុរិយា​វរ្ម័ន​ទី​២ ជា​ព្រះរាជា ដ៏​ល្បី​ល្បាញ ដែល​បាន​កសាង​ប្រាសាទ​អង្គរ​វត្ត​ដ៏​ល្អ​ឆ្នើម​នៅ​លើ​លោក​យើង​នេះ។

ព្រះបាទ សុរិយា​វរ្ម័ន​ទី​២ បាន​កសាង​បន្ថែម​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ ព្រម​ទាំង​សាង​ចម្លាក់ សិង្ហតោ និង​ជណ្ដើរ​នាគ នៅ​អម​ព្រះលាន​កិត្តិយស​នៃ​ប្រាសាទ​ព្រះវិហារ​ផង​ដែរ។ ទាំង​នេះ​គឺ​ជា​តឹកតាង​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​បាន​កសាង​ឡើង​ដោយ​ព្រះរាជា​ខ្មែរ​ដ៏​មាន​​ឫទ្ធិ​ក្រៃ​នៃ​ សម័យ​អង្គរ។

លក្ខណៈ​ពិសេស​នៃ​ប្រាសាទ​ព្រះវិហារ

បុរាណ​វត្ថុ​វិទូ​នានា ភាគ​ច្រើន​សរសើរ​ថា ថ្វីត្បិតតែ​ព្រះវិហារ​មិន​មាន​ទំហំ​ធំ​ដូចជា​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​ អង្គរ​ខេត្ត​សៀមរាប​ក្ដី ប្រាសាទ​ព្រះវិហារ មាន​ភាព​អឆ្ឆរិយៈ​ពិសេស​​របស់​ខ្លួន។ លោក​សាស្ត្រាចារ្យ​បុរាណ​វត្ថុ​វិជ្ជា ជុច ភឿន មាន​ប្រសាសន៍​ថា លក្ខណៈ​សំខាន់​មួយ​នៃ​ស្ថាបត្យកម្ម​ប្រាសាទ​ព្រះវិហារ គឺ​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​អោយ​មាន​ភាព​សុខដុម​រវាង​ធម្មជាតិ​ព្រៃ​ភ្នំ និង​ប្រាសាទ​តែម្ដង។

ប្រសាទ​ព្រះវិហារ ៣០៥
គោបុរៈ​ទី​៣ នៃ​ប្រាសាទ​ព្រះវិហារ​ខ្មែរ។ រូបថត​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១១។​ RFA/Hang Savyouth

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​សាងសង់​នៅ​លើ​ជម្រាល​ភ្នំ​ដែល​មាន​ស្រាប់ គឺ​ភ្នំ​ដង​រែក ហើយ​មាន​ច្រើន​ជាន់ ពី​ទាប​ទៅ​ខ្ពស់។ ប្រាសាទ​នេះ​ជា​បណ្ដុំ​នៃ​ប្រាសាទ​មួយ​ចំនួន​សង់​តម្រៀប​គ្នា​ពី​ជើង​ទៅ​ ត្បូង លាត​សន្ធឹង​លើ​ខ្នង​ភ្នំ​ប្រវែង​ជិត​មួយ​គីឡូម៉ែត្រ។

ជណ្ដើរ​ឡើង​នៅ​ភាគ​ខាង​ជើង គឺ​ជា​ផ្លូវ​បុរាណ​សំខាន់​ជាង​គេ​នៃ​ប្រាសាទ​ព្រះវិហារ។ ជណ្ដើរ​ថ្ម​បុរាណ​នេះ នាំ​អ្នក​ទស្សនា​ទៅ​ដល់​ប្រាសាទ​តាម​ខ្លោងទ្វារ​ធំៗ ៥ ដែល​គេ​ហៅ​ម៉្យាង​ទៀត​ថា គោបុរៈ។ គោបុរៈ​ទាំង​ប្រាំ​នៃ​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ហៅ​តាម​លេខ​បញ្ច្រាស​មក​វិញ គឺ​ពី​គោបុរៈ​ទី​ប្រាំ ទៅ​គោបុរៈ​ទី​មួយ។ ដូច្នេះ អ្នក​ដែល​ឡើង​តាម​ជណ្ដើរ​បុរាណ​ពី​ទិស​ខាង​ជើង​នឹង​ជួប​ខ្លោងទ្វារ​ធំ​ទី​៥ ឬ​គោបុរៈ​ទី​៥ មុន​គេ។

នៅ​លើ​ហោជាង​នៃ​គោបុរៈ​ទាំង​នេះ មាន​ចម្លាក់​ក្បូរក្បាច់​រចនា​ល្អ​ឥត​ខ្ចោះ។ នៅ​គោបុរៈ​ទី​បួន ជា​ពិសេស មាន​រៀបរាប់​អំពី​បេសកកម្ម​កូរ​សមុទ្រ​ទឹក​ដោះ​រវាង​ពួក​សុរា និង អសុរ។ ចម្លាក់​អំពី​ការ​កូរ​សមុទ្រ​​ទឹក​ដោះ​នេះ ជា​ទី​ពេញ​និយម​ណាស់​របស់​ព្រះរាជា​ខ្មែរ​សម័យ​បុរាណ ត្បិត​រឿង​នេះ​បញ្ជាក់​នូវ​ការ​សាមគ្គី​គ្នា​រវាង​ក្រុម​ពីរ​ដែល​តែង​តែ​ ប្រឆាំង​គ្នា តែ​ទីបំផុត​សុខ​ចិត្ត​ទម្លាក់​ចោល​នូវ​ភាព​ខុស​គ្នា​ទាំង​អម្បាល​ម៉ាន រួច​សហការ​គ្នា​កូរ​សមុទ្រ​ទឹក​ដោះ ស្វែង​រក​ទឹក​អម្រឹត​ដើម្បី​ជា​គុណ​ប្រយោជន៍ និង​ព្យាបាល​ដល់​ទេវតា និង​មនុស្ស​នៅ​គ្រប់​ទីស្ថាន។ ដូច​នេះ​ហើយ​បាន​យើង​តែង​សង្កេត​ឃើញ​ផ្ទាំង​ចម្លាក់​កូរ​សមុទ្រ​ទឹក​ដោះ​នេះ ​នៅ​តាម​ប្រាសាទ​នានា​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា។

លោក ប្រាក់ សុណ្ណារ៉ា មាន​ប្រសាសន៍​ថា នៅ​ប្រាសាទ​ព្រះវិហារ រូប​ចម្លាក់​ដែល​នៅ​សល់​ច្រើន​ជាង​គេ គឺ​រូប​ចម្លាក់​តោ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា តោ​នៅ​ប្រាសាទ​ព្រះវិហារ ប្លែក​ជាង​រូប​ចម្លាក់​តោ​ដទៃ​ទៀត​នៅ​អង្គរ៖ «ចម្លាក់​ដែល​នៅ​សល់​ច្រើន​ ជាង​គេ​ហ្នឹង គឺ​តោ​ហ្នឹង​ឯង។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​ចម្លាក់​តោ​ទាំង​អស់​ហ្នឹង មាន​ចម្លាក់​តោ​មួយ​ដែល​យើង​ពុំ​ដែល​ឃើញ​មាន​នៅ​ក្នុង​ស្នាដៃ​សិល្បៈ​ខ្មែរ ត្រង់​ថា​ចម្លាក់​តោ​ហ្នឹង មាន​កាយវិការ​បោះ​ជំហាន​ជើង​ក្រោយ ហើយ​ដែល​សព្វថ្ងៃ គឺ​នៅ​ឯ​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ឯង នៅ​ឯ​ជិត​ស្រះ​ធំ។ ទេសចរ​អី ​អញ្ជើញ​ទៅ យើង​ឃើញ​ហើយ​តោ​ហ្នឹង បោះ​ជំហាន​ក្រោយ។ តាម​ធម្មតា យើង​ឃើញ​តោ គឺ​ថា​ជើង​មុខ​ស្មើ​គ្នា និង​ជើង​ក្រោយ​ស្មើ​គ្នា។ តែ​តោ​មួយ​នៅ​ប្រាសាទ​ព្រះវិហារ រាង​ចម្លែក​ខុស​គេ​ត្រង់​ហ្នឹង»

អ្នក​ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ តែង​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ខាង​ត្បូង​ផុត​នៃ​ប្រាសាទ​ដែល​គេ​និយម​​ហៅ​ថា ពយ​តាឌី។ គេ​ជឿ​ថា​លោក​តាឌី ជា​អ្នក​តា​ថែរក្សា​នៅ​ទី​នោះ ហើយ​គេ​តែង​តែ​នាំ​គ្នា​ទៅ​បន់​​ស្រន់​សុំ​សេចក្ដី​សុខ។ មាន​គូ​ស្នេហ៍​មិន​តិច​ទេ​ដែល​ឡើង​ទៅ​ពយ​តាឌី​នេះ ​ដើម្បី​សច្ចា​ស្បថស្បែ​រឿង​ស្នេហ៍​របស់​ខ្លួន។

ទំនាស់​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ

ថ្វីត្បិតតែ​តឹកតាង​ជា​ប្រវត្តិសាស្ត្រ​ទាំង​ឡាយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បូជនីយដ្ឋាន​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ដ៏​បវរ​នេះ ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា​ក្តី ប្រទេស​ដែល​មាន​​ព្រំ​ប្រទល់​ជាប់​នឹង​​តំបន់​នេះ គឺ​ប្រទេស​ថៃ ឬ​កាល​ណោះ​ហៅ​ថា ប្រទេស​សៀម តែង​ទាម​ទារ​យក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន ហើយ​ពេល​ខ្លះ​ថែម​ទាំង​បាន​កាន់​កាប់​ប្រាសាទ​នេះ​មួយ​រយៈ​ទៀត​ផង។

ទាហាន​ខ្មែរ ព្រះវិហារ ៣០៥
២១-កុម្ភៈ-២០១១: ទាហាន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រៀម​ខ្លួន​ក្នុង​លេណដ្ឋាន​ដើម្បី​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹក​ដី ប្រសិន​បើ​មាន​ការ​ឈ្លានពាន។ RFA/Hang Savyouth

ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ មាន​រយៈពេល​ជាង​មួយ​រយ​ឆ្នាំ​មក​ហើយ គឺ​ចាប់​ផ្ដើម​តាំង​ពី​ដើម​​សតវត្ស​ទី​២០ ហើយ​អូស​បន្លាយ​រហូត​ដល់​ដើម​សតវត្ស​ទី​២១ នេះ។

នៅ​ឆ្នាំ​១៩០៤ បារាំង​ដែល​ជា​អាណាព្យាបាល​លើ​ប្រទេស​កម្ពុជា នា​សម័យ​នោះ បាន​ចុះ​អនុសញ្ញា​មួយ​ជាមួយ​ប្រទេស​សៀម តម្រូវ​អោយ​សៀម ប្រគល់​មក​អោយ​ខ្មែរ​វិញ​នូវ​ខេត្ត​មួយ​ចំនួន។ អនុសញ្ញា​នោះ​ក៏​ព្រមព្រៀង​អោយ​បារាំង រៀបចំ​​គូរ​ផែនទី​ថ្មី​មួយ បែង​ចែក​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម ផង។ បារាំង​គូរ​ផែនទី​ថ្មី​នេះ​រួច​នៅ​ឆ្នាំ​១៩០៧ ដោយ​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំ​វិញ​ប្រាសាទ​មក​ខាង​ទឹក​ដី​ខ្មែរ។ សៀម​បាន​ទទួល​យក​​ផែន​ទី​ថ្មី​​នោះ​ដោយ​មិន​មាន​ប្រកែក​តវ៉ា​អ្វី​ឡើយ។ នៅ​ពេល​ដែល​បារាំង បាន​ដក​ថយ​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៥៣ ទំនាស់​ដណ្តើម​ព្រះវិហារ ពី​សំណាក់​ប្រទេស​ថៃ បាន​ចាប់​ផ្តើម​ឡើង។

បណ្ឌិត ស៊ន សំណាង ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត រៀបរាប់​រំលឹក​ពី​ព្រឹត្តិការណ៍​នេះ៖ «បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ឯករាជ្យ​ទៅ គឺ​ថា បារាំង​បាន​ប្រគល់​សិទ្ធិ​បន្ត​នឹង​អោយ​កម្ពុជា ហ្នឹង​ទៅ​តាម​ច្បាប់​អន្តរជាតិ។ ក៏​ប៉ុន្តែ​ថៃ មិន​ព្រម​ទទួល​ស្គាល់​សិទ្ធិ​ដែល​កម្ពុជា ទទួល​បាន​ទេ។ ដូច្នេះ​ហើយ​បាន​ជា​ថៃ ស្នើ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​ភាគី​នីមួយៗ​មាន​ចំនួន​នាយ​ទាហាន និង​មន្ត្រី​ស្មើៗ​គ្នា ដើម្បី​ធ្វើ​ការ​កំណត់​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ ជា​ថ្មី​ម្ដង​ទៀត។ មាន​ន័យ​ថា ថៃ​មិន​ចង់​ទទួល​ស្គាល់​សន្ធិសញ្ញា ឬ​អនុសញ្ញា​បារាំង-​សៀម ដែល​មាន​មក​ពី​មុន ដែល​មា​ន​តាំង​ពី​សតវត្ស​ទី​១៩ មក​ទេ ដែល​​ខ្លួន​គាត់​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​បារាំង។ ចំពោះ​ជំហរ​របស់​ប្រទេស​កម្ពុជា គឺ​មាន ២​ចំណុច៖ ចំណុច​ទី​១ គឺ​កម្ពុជា​ស្នើ​អោយ​ទុក​តំបន់​ប្រាសាទ​ព្រះវិហារ​អោយ​នៅ​អព្យាក្រឹត​ មាន​ន័យ​ថា ថៃ​ត្រូវ​ដក​ប៉ូលិស ដក​តម្រួត​ចេញ​ពី​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ក៏​មិន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ចូល​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ ដែរ ហ្នឹង​ជា​ជំហរ​ទី​១។ បើ​ថៃ​មិន​ព្រម​តាម​ជំហរ​ទី១​ទេ កម្ពុជា​នឹង​ស្នើ​​ជំហរ​ទី២ គឺ​ថា សុំ​អោយ​មាន​ការ​ថែរក្សា​ប្រាសាទ​រួម​គ្នា ហើយ​រាល់​ការ​ចំណាយ​ត្រូវ​ចេញ​ពាក់​កណ្ដាល​ម្នាក់។ ឥឡូវ​យើង​សួរ​ថា តើ​លទ្ធផល​​យ៉ាងម៉េច​ចេញ​ពី​ការ​ចរចា​ទ្វេ​ភាគី​រវាង​ភាគី​កម្ពុជា និង​​ថៃ នៅ​ឆ្នាំ​១៩៥៨ នោះ? លទ្ធផល គឺ​ថៃ​ទាត់​ចោល​សំណើ​របស់​កម្ពុជា​ទាំង ២​ចំណុច​នេះ មាន​ន័យ​ថា កិច្ចចរចា​នៅ​ក្រុង​បាងកក ទទួល​បរាជ័យ​ទាំងស្រុង ហ្នឹង​គឺ​ចប់​មួយ​វគ្គ​ឆ្នាំ​១៩៥៨។ មក​ដល់​ខែ​មិថុនា ឆ្នាំ​១៩៥៩ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​សំណើ​ថ្មី​មក​ទៀត​ថា សុំ​អោយ​មាន​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រួមគ្នា ដោយ​ប្រទេស​កម្ពុជា រក្សា​នូវសិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​បើ​ថៃ មិន​សុខ​ចិត្ត​ទេ​ប្ដឹង​ហើយ…»

ក្រោយ​ពី​ប្រទេស​សៀម បាន​ទាត់​ចោល​សំណើ​របស់​កម្ពុជា ដែល​រួម​មាន​ការ​សុំ​អោយ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រួម​គ្នា​ជា​ដើម​នោះ នៅ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​១៩៥៩ កម្ពុជា​ក៏​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ។ ​កម្ពុជា​បាន​សុំ​អោយ​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ​លើ​ពីរ​ចំណុច៖

ចំណុច​ទី​១ សុំ​អោយ​រាជាណាចក្រ​ថៃ ​ដក​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន ​ដែល​ចូល​មក​កាន់​កាប់​​ប្រាសាទ​ព្រះវិហារ តាំង​ពី​ឆ្នាំ​១៩៥៤ នោះ​ ចេញ​ពី​ប្រាសាទ​ព្រះវិហារ។ ចំណុច​ទី​២ ស្នើ​សុំ​អោយ​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ​ថា អធិបតេយ្យភាព​ដែនដី​លើ​ប្រាសាទ​ព្រះវិហារ គឺ​ជា​កម្មសិទ្ធិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រវត្តិវិទូ បណ្ឌិត ស៊ន សំណាង បញ្ជាក់​ថា ​ជាមួយ​នឹង​ពាក្យ​បណ្ដឹង​ភាគី​កម្ពុជា ក៏​មាន​ភ្ជាប់​ឯកសារ​ឧបសម្ពន្ធ​ជា​ច្រើន ដែល​រួម​មាន​ឯកសារ​ជា​ផែនទី និង​ឯកសារ​សន្ធិសញ្ញា​បារាំង-​សៀម ជាដើម។

បណ្ឌិត ស៊ន សំណាង អះអាង​ថា គឺ​​ផែនទី​ដែល​គូរ​នៅ​ឆ្នាំ​១៩០៧ ភ្ជាប់​ក្នុង​ឧបសម្ពន្ធ​​​ទី​១ នោះ​ហើយ ជា​ភស្តុតាង​ដែល​មាន​តម្លៃ​បំផុត នាំ​អោយកម្ពុជា ឈ្នះ​ក្ដី៖ «ឥឡូវ​សួរ​ថា តើ​ផែនទី​បាន​មក​ពី​ណា? ផែនទី​ហ្នឹង​បាន​មក​ពី​កិច្ច​ព្រមព្រៀង​បារាំង-​សៀម ដែល​យើង​ហៅ​ថា អនុសញ្ញា​បារាំង-​សៀម ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៤។ ព្រោះ​នៅ​តាម​អនុសញ្ញា​បារាំង-​សៀម ឆ្នាំ​១៩០៤ នោះ ប្រទេស​សៀម ត្រូវ​ប្រគល់​ខេត្ត​ម្លូព្រៃ និង​ទន្លេរពៅ ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​នៃ​ទន្លេ​មេគង្គ មក​អោយ​កម្ពុជា​វិញ។ នៅ​ក្នុង​នោះ​ក៏​មាន​​ប្រាសាទ​ព្រះវិហារ នៅ​ក្នុង​ហ្នឹង។ មាន​ន័យ​ថា អនុសញ្ញា​បារាំង-​សៀម ១៩០៤ តម្រូវ​អោយ​សៀម​ដក​ចេញ​ពី​តំបន់​ព្រះវិហារ ហើយ​ដល់​យើង​គូរ​ផែនទី វា​គូរ​នៅ​ឆ្នាំ​១៩០៧ មិន​គូរ ១៩០៤​ទេ គូរ ១៩០៧ បារាំង អ្នក​គូរ។ ហើយ​ផែនទី​ហ្នឹង​ហើយ​ដែល​ដាក់​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​របស់​យើង​នៅ​ក្នុង ​ឧបសម្ពន្ធ​ទី​១ បោះពុម្ព​ផ្សាយ​នៅ​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩០៧ ហើយ​ត្រូវ​បាន​បញ្ជូន​មក​អោយ​រដ្ឋាភិបាល​សៀម និង​ជូន​មក​ដល់​រាល់​សមាជិក​សៀម ដែល​ស្ថិត​នៅ​ក្នុង​គណៈកម្មការ​ចំរុះ​ខាង​កំណត់​ព្រំដែន​នោះ​ នៅ​ឆ្នាំ​១៩០៨ ហើយ​បញ្ជូន​មក​ហើយ​ហ្នឹង គឺ​ថា ខាង​ភាគី​សៀម​នោះ អរគុណ​ដែល​បាន​ទទួល ហើយ​គាត់​មិន​ដែល​បាន​បដិសេធ​ម្ដង​ណា​ទេ តាំង​ពី​១៩០៨ រហូត​ដល់​១៩៥៨។ ក្នុង​រយៈពេល ៥០​ឆ្នាំ​នេះ សៀម​មិន​ដែល​បាន​បដិសេធ​ផែនទី​ហ្នឹង​ម្ដង​ណា​ទេ អត់​ដែល​ប្ដឹង​តវ៉ា​អី​ទាំង​អស់។ ដូច្នេះ​អា​ហ្នឹង​ដែល​ជា​ចំណុច​ឈ្នះ​របស់​យើង ដែល​យើង​អាង​សំខាន់​ជាង​គេ។ ដល់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ អោ​យ​យើង​ឈ្នះ ក៏​ផែនទី​ឧបសម្ពន្ធ​១​ហ្នឹង​ដែរ»

ដោយ​សំអាង​ជា​ពិសេស​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧ តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡាអេ ​សម្រេច​ថា ប្រទេស​កម្ពុជា ជា​ម្ចាស់​ស្រប​ច្បាប់​នៃ​ប្រាសាទ​ព្រះវិហារ។ នៅ​ក្នុង​សាលក្រម ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​ក្រុង​ឡាអេ ​ថែម​ទាំង​តម្រូវ​អោយ​ប្រទេស​សៀម ប្រគល់​អោយ​មក​កម្ពុជា​វិញ​ នូវ​វត្ថុបុរាណ​ទាំងអស់ ដែល​សៀម បាន​យក​ទៅ​នៅ​ពេល​ដែល​សៀម ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ។

លោក​បណ្ឌិត ស៊ន សំណាង ព្រម​ទាំង​​​អ្នក​​អភិរក្ស​សម្បត្តិ​វប្បធម៌ និង​ប្រាសាទ​ខ្មែរ​នានា សុទ្ធតែ​បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ ថៃ​នៅ​មិន​ទាន់​ប្រគល់​វត្ថុ​បុរាណ​ទាំង​នោះ​មក​អោយ​ខ្មែរ​ដែល​ជា​ម្ចាស់​ ដើម​វិញ​នៅ​ឡើយ​ទេ។

ជា​ប្រការ​ដែល​គួរ​អោយ​សោកស្ដាយ​មួយ​ទៀត ថ្វី​ត្បិត​តែ​កម្ពុជា ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​លើ​ប្រាសាទ​ព្រះវិហារ​នេះ​ក៏​ដោយ​ចុះ ក្រោយ​នោះ​បន្តិច កម្ពុជា​ក៏​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​អស់​រាប់​សិប​ឆ្នាំ ហើយ​ប្រាសាទ​ព្រះវិហារ​ក៏​សម្ងំ​ខ្លួន​តែ​ឯង​ឯកា​ជាមួយ​ព្រៃ​ព្រឹក្សា រង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ​ជាមួយ​ប្រជាជាតិ​ខ្មែរ​វិញ ដែល​ពេល​នោះ​កំពុង​រង​ទុក្ខ​ដោយ​សង្គ្រាម…។

ទំនាស់​ថ្មី​លើ​រឿង​ក្តី​ចាស់

ការ​ប្រឈម​មុខ​ជា​ថ្មី​រវាង​កម្ពុជា និង​ថៃ ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​ប្រាសាទ​​​​ព្រះវិហារ ត្រូវ​បាន​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក។ នៅ​ឆ្នាំ​២០០៣ ពេល​ដែល​កម្ពុជា រៀប​ចំ​ដាក់​សំណើ​សុំ​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក រដ្ឋាភិបាល​ថៃ កាល​ណោះ គាំទ្រ​សកម្មភាព​របស់​កម្ពុជា។ ក៏​ប៉ុន្តែ​ប្រការ​នេះ បាន​ផ្តល់​ឱកាស​ដល់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ថៃ ចោទ​រដ្ឋាភិបាល​ថៃ​ថា មិន​មាន​ទឹក​ចិត្ត​ជាតិ​និយម​ចំពោះ​ការ​​គាំទ្រ​កម្ពុជា​នេះ។ ពួកគេ​លើក​ឡើង​ថា អំពើ​នេះ​អាច​ធ្វើ​បាត់​បង់​ទឹក​ដី និង​ខូច​​ប្រយោជន៍​ជាតិ​ថៃ។

ទាហាន​ថៃ ៣០៥
ទាហាន​ថៃ ជម្លៀស​ទាហាន​របួស​ដោយ​គ្រាប់​កាំភ្លើង​ពេល​បាញ់​ត​គ្នា​ជាមួយ​ទាហាន​ កម្ពុជា នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១១។ AFP PHOTO

ក្រុម​អាវ​លឿង​ថៃ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​អំណាច​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅ​ពេល​នោះ ត្រូវ​បាន​​គេ​ចោទ​ថា យក​បញ្ហា​ព្រះ​វិហារ​ជា​ល្បែង​នយោបាយ ទាក់ទាញ​ទឹក​ចិត្ត​ជាតិ​និយម​​ពី​សំណាក់​​ប្រជាពល​រដ្ឋ​ថៃ។ នៅ​ឆ្នាំ​២០០៦ ក្រុម​អាវ​លឿង​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក ថាក់ស៊ីន ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី។ ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​ការ​ដាក់​បញ្ចូល​ប្រាសាទ​ ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​លើ​សមាជិក​រដ្ឋាភិបាល​របស់​លោក ថាក់ស៊ីន ដែល​ក្រុមនេះ​ចោទ​ថា បាន​ប្រព្រឹត្ត​​អំពើ​ឧក្រិដ្ឋ​ចំពោះ​ការ​គាំទ្រ​ប្រទេស​កម្ពុជា ក្នុង​ការ​ដាក់​សំណើ​បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ។

ទោះ​ជា​មាន​ការ​តវ៉ា​ពី​ក្រុម​អាវ​លឿង​ថៃ​ក្តី គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​សម្រេច​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨។

តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ចាប់​ផ្ដើម​មាន​ស្ថានភាព​តានតឹង​ឡើង​វិញ។ ទំនាស់​ពេល​នេះ​មិន​សំដៅ​ទៅ​ប្រាសាទ​ព្រះវិហារ​ទេ។ ព្រោះ​ប្រាសាទ​ព្រះវិហារ បាន​បញ្ជូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា រួច​ហើយ។ ការ​ទាមទារ​របស់​ថៃ នៅ​ពេល​នេះ គឺ​ផ្តោត​ទៅ​លើ​បរិវេណ​ដី​នៅ​ជុំវិញ​ប្រាសាទ ដែល​គេ​ហៅ​ថា តំបន់​ត្រួត​ស៊ី​គ្នា​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ​នោះ។

តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ថៃ បាន​ជួប​ចរចា​គ្នា​ជា​ញឹកញយ តែ​មិន​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០១១ កម្ពុជា​ក៏​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ម្ដង​ទៀត សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ អំពី​ដី​នៅ​ជុំវិញ​ប្រាសាទ​ដែល​ថៃ កំពុង​ទាមទារ​នោះ។ ជា​ថ្មី​ម្ដង​ទៀត កម្ពុជា​សំអាង​ទៅ​លើ​ផែនទី​​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧ ដែល​ថៃ​ទទួល​យក​ដោយ​គ្មាន​ការ​តវ៉ា​នោះ ជា​តឹកតាង​បញ្ជាក់​ថា ក្នុង​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ផែន​ទី​នោះ មាន​ដាក់​បញ្ចូល​បរិវេណ​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ​នោះ​​រួច​ទៅ​ហើយ។

នៅ​ឆ្នាំ​២០១១ ដដែល​នោះ រដ្ឋាភិបាល​នៃ​ក្រុម​អាវ​លឿង របស់​លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) ចាញ់​ឆ្នោត។ ពួក​ក្រុម​អាវ​ក្រហម ដែល​ស្មោះស្ម័គ្រ​នឹង​លោក ថាក់ស៊ីន បាន​បោះ​ឆ្នោត​លើក​ប្អូន​ស្រី​របស់​គាត់ គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) អោយ​ឡើង​ជា​នាយករដ្ឋមន្ត្រី​ថ្មី។ ស្ថានការណ៍​នៅ​ទល់​ដែន​​ក្បែរ​ប្រាសាទ​ព្រះវិហារ បាន​ធូរ​ស្រាល​បន្តិច​វិញ។

បន្ថែម​លើ​នេះ នៅ​ខែ​កក្កដា ឆ្នាំ​២០១១ នោះ តុលាការ​​អន្តរជាតិ​ក្រុង​ឡាអេ ក៏​បាន​ចេញ​បញ្ជា​អោយ​ប្រទេស​កម្ពុជា និង​ថៃ ដក​កង​ទ័ព​ចេញ​ទាំង​ស្រុង​ពី​តំបន់​នេះ។ តុលាការ​ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ នេះ អោយ​ភាគី​ទាំង​សង​ខាង​ឡើង​បកស្រាយ​ផ្ទាល់​មាត់​ជា​ចុង​ក្រោយ នៅ​ចំពោះ​មុខ​​ក្រុមប្រឹក្សា​​​ជំនុំជម្រះ​នៃ​តុលាការ​អន្តរជាតិ​នេះ មុន​នឹង​តុលាការ​នេះ​សម្រេច​ថា នឹង​សម្រេច​បក​ស្រាយ ឬ​មិន​បកស្រាយ​សាលក្រម​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ទាក់​ទង​​នឹង​បរិវេណ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ។

ខាង​ភាគី​កម្ពុជា ទាំង​តំណាង​រដ្ឋាភិបាល និង​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​នានា សុទ្ធ​តែ​មាន​ទំនុក​ចិត្ត​ថា កម្ពុជា​នឹង​មាន​ជ័យ​ជម្នះ​ម្ដង​ទៀត​ក្នុង​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ជាមួយ​ថៃ​នេះ។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា កម្ពុជា​មាន​មូលដ្ឋាន ឬ​កំផែង​រឹង​មាំ​បួន​ជា​សំខាន់ ដែល​នឹង​ជួយ​កម្ពុជា អោយ​មាន​ប្រៀប​ជាង​ថៃ។

លោក សុខ ទូច៖ «កម្ពុជា​មាន​កំផែង​ដល់ ៤។ កំផែង​ទី​១ ដែល​យើង​ចាត់​ថា ជា​កំផែង​ដ៏​រឹងមាំ​នោះ គឺ​នៅ​ឆ្នាំ​១៩០៤ និង ១៩០៧ ដែល​ជា​សន្ធិសញ្ញា​របស់​បារាំង-​សៀម។ កំផែង​ទី​២ គឺ​ជា​កំផែង​នៅ​ឆ្នាំ​១៩៦២ នៅ​ទីក្រុង​ឡាអេ ដែល​ផ្ដល់​អោយ​ប្រទេស​កម្ពុជា ទទួល​បាន​ជោគ​ជ័យ​ជម្នះ។ កំផែង​ទី​៣ ការ​ដាក់​ប្រាសាទ​ព្រះវិហារ អោយ​ចូល​ទៅ​ជា​បេតិកភណ្ឌ​នៅ​ឆ្នាំ​២០០៨។ កំផែង​ទី​៤ នេះ​គឺជា​កំផែង​ចុង​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​នេះ​មាន​ន័យ​ថា រហូត​ដល់​ថៃ​ខ្លួន​ឯង​ក៏​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ថា អា​ហ្នឹង​ជា​របស់​ខ្មែរ ដើម្បី​យក​ទៅ​អភិវឌ្ឍន៍ យក​ទៅ​អភិរក្ស…»

ចំណែក​ប្រទេស​ថៃ​វិញ ជំហរ​ដែល​គេ​បាន​អោយ​ដឹង​ខ្លះៗ មុន​សវនាការ​ផ្ទាល់​មាត់​នេះ គឺ​ថៃ​នឹង​ខិត​ខំ​យ៉ាង​ណា​បង្ហាញ​ថា តុលាការ​ក្រុង​ឡាអេ​នេះ គ្មាន​យុត្តាធិការ ឬ​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​កាត់​ក្ដី​នេះ​ទេ។ ក្រុម​ជ្រុល​និយម​ថៃ ខ្លះ ថែម​ទាំង​ស្នើ​អោយ​រដ្ឋាភិបាល​ថៃ បដិសេធ​សេចក្តី​សំរេច​ចិត្ត​ណា​មួយ​របស់​តុលាការ​ក្រុង​ឡាអេ ទៀត​ផង។

តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ជា​ភារៈ​របស់​តុលាការ​ពិភពលោក​នេះ ដែល​នឹង​យក​ការ​បក​ស្រាយ​ទាំង​ឡាយ​របស់​ភាគី​ទាំង​សង​ខាង​ទៅ​ពិចារណា ហើយ​ដែល​នឹង​ចេញ​សេចក្ដី​សម្រេច​ចិត្ត​មួយ​នៅ​ខែ​តុលា ឬ​ខែ​វិច្ឆិកា ចុង​ឆ្នាំ​២០១៣ នេះ៕ប្រភពពី

http://www.rfa.org/khmer/news/culture/special-report-on-preah-vihear-04152013024719.html

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s