បទ​វិភាគ៖ តើ​ការ​បកស្រាយ​រវាង​កម្ពុជា​និង​ថៃ ខាង​ណា​មាន​ប្រៀប​ជាង?


 

រ៉ូដមេន ប៊ុនឌី តុលាការ​យុត្តិធម៌​អន្តរជាតិ ៣០៥

១៨-មេសា-២០១៣៖ មេធាវី​ភាគី​កម្ពុជា លោក រ៉ូដមេន ប៊ុនឌី (Rodman Bundy) បកស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។

ថ្ងៃ​នេះ​ចូល​ដល់​ថ្ងៃ​ទី​បី​ហើយ​នៃ​សវនាការ​ផ្ទាល់​មាត់​នៅ​ក្រុង​ ឡាអេ។ ថ្ងៃ​ព្រហស្បតិ៍ នេះ ដល់​វេន​ភាគី​កម្ពុជា ឡើង​បកស្រាយ​ត​ទល់​នឹង​ការ​ចោទ​ប្រកាន់​នានា​របស់​ភាគី​ថៃ ដែល​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ ទី១៧ ខែ​មេសា។ ភាគី​កម្ពុជា បាន​ឡើង​បកស្រាយ​នៅ​ថ្ងៃ​ដំបូង គឺ​នៅ​ថ្ងៃ​ច័ន្ទ ទី១៥ ខែ​មេសា អំពី​ទំនាស់​ទាក់ទង​ទៅ​នឹង​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ។

កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ពិភពលោក​នេះ អោយ​បកស្រាយ​សាលក្រម​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​ចេញ​សាលក្រម​សម្រេច​កាល​ពី​ឆ្នាំ​១៩៦២។

លោក ជុន ច័ន្ទបុត្រ មាន​អត្ថបទ​វិភាគ​មួយ ថា​តើ​ការ​បកស្រាយ​រវាង​កម្ពុជា និង​ថៃ ភាគី​ខាង​ណា​មាន​ប្រៀប​ជាង?

លោក ជុន ច័ន្ទបុត្រ៖ ថ្វី​ត្បិត​តែ​យើង​នៅ​មិន​ទាន់​បាន​ស្តាប់​ការ​បកស្រាយ​របស់​ភាគី​កម្ពុជា នៅ​ថ្ងៃ​នេះ​ទៀត​នៅ​ឡើយ​ក្តី ការ​បកស្រាយ​កន្លង​មក​បង្ហាញ​ថា កម្ពុជា ដូច​ជា​មាន​ប្រៀប​ជាង​ខាង​ភាគី​ថៃ។

អ្នកស្រី ម៉ៅ សុធានី៖ មាន​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​កម្ពុជា មាន​ប្រៀប​ជាង​នោះ?

លោក ជុន ច័ន្ទបុត្រ៖ ទី​មួយ កម្ពុជា មាន​មូលដ្ឋាន​រឹងមាំ​ជា​ច្រើន ទាំង​មូលដ្ឋាន​ច្បាប់ ទាំង​ភស្តុតាង​ជា​ឯកសារ និង​ទាំង​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ។ លោក​បាន​ជ្រាប​ហើយ​ថា តុលាការ​ក្រុង​ឡាអេ នេះ បាន​កាត់​ក្តី​អោយ​កម្ពុជា ឈ្នះ​ក្តី​រឿង​ព្រះវិហារ នេះ ម្តង​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​១៩៦២។ ហើយ​បើ​តាម​ការ​អះអាង​របស់​ភាគី​កម្ពុជា សាលក្រម​ឆ្នាំ​១៩៦២ បាន​ចែង​ថា ទាំង​ប្រាសាទ និង​ដី​នៅ​ក្បែរ​ប្រាសាទ ស្ថិត​នៅ​ក្នុង​អធិបតីភាព​របស់​ប្រទេស​កម្ពុជា។ ជា​ការ​ពិត​ជាក់ស្តែង​នោះ ប្រាសាទ​មិន​អាច​តាំង​នៅ​លំហ​អាកាស​បាន​ទេ ប្រាសាទ​ត្រូវ​តែ​ស្ថិត​នៅ​លើ​បរិវេណ​ដី​ត្រង់​ណា​មួយ។ ហើយ​អ្វី​ដែល​ភាគី​កម្ពុជា អះអាង​នេះ គឺ​ផ្អែក​ទៅ​លើ​ផែនទី​ដែល​បារាំង គូស​នៅ​ឆ្នាំ​១៩០៧ ហើយ​គឺ​ផែនទី​នោះ​ហើយ​ដែល​តុលាការ​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ការ ​សម្រេច​រឿង​ក្តី កាល​ពី​ឆ្នាំ​១៩៦២ នោះ។

អ្នកស្រី ម៉ៅ សុធានី៖ ចុះ​រឿង​ថៃ ចោទ​ថា​កម្ពុជា បន្លំ​ផែនទី​នោះ​យ៉ាង​ណា​ដែរ?

លោក ជុន ច័ន្ទបុត្រ៖ បាទ! នេះ​ជា​ការ​ព្យាយាម​ពន្យល់​ទៅ​អង្គ​តុលាការ​កាល​ពី​ថ្ងៃ​ម្សិលមិញ​របស់​ភាគី ​ថៃ។ អ្នក​ច្បាប់​តំណាង​អោយ​ប្រទេស​ថៃ ម្នាក់ ខំ​បង្ហាញ​ផែនទី​មួយ​ចំនួន​ពី​ភាគី​ថៃ ដែល​ខុស​គ្នា​ពី​ផែនទី​ដែល​តុលាការ​ក្រុង​ឡាអេ នេះ ប្រើ​ជា​គោល​សម្អាង​ក្នុង​ការ​កាត់​ក្តី​កាល​ពី​ឆ្នាំ​១៩៦២។ ខាង​ថៃ ថែម​ទាំង​ចោទ​ថា កម្ពុជា បន្លំ​ផែនទី​នោះ​ផង។

អ្នកស្រី​បាន​ដឹង​ហើយ​ថា ផែនទី​ដែល​តុលាការ​ប្រើប្រាស់​ជា​សម្អាង​ដើម្បី​កាត់​ក្តី​នោះ គូស​ឡើង​ដោយ​អាណាព្យាបាល​បារាំង ស្រប​តាម​ការ​ព្រមព្រៀង​ក្នុង​អនុសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។ ភាគី​សៀម នៅ​ពេល​នោះ បាន​ព្រមព្រៀង​គ្នា​តាម​អនុសញ្ញា​នោះ ថា​ប្រគល់​អោយ​បារាំង វិញ​នូវ​ខេត្ត​ខ្មែរ​មួយ​ចំនួន និង​ព្រម​អោយ​បារាំង គូស​ផែនទី​បែង​ចែក​ព្រំដែន​អោយ​ច្បាស់​រវាង​កម្ពុជា និង​ថៃ ជា​លើក​ដំបូង​ផង។ បារាំង គូស​ផែនទី​នោះ​រួច​នៅ​ឆ្នាំ​១៩០៧ រួច​ប្រគល់​អោយ​ភាគី​ថៃ និង​តម្កល់​ទុក​នៅ​ប្រទេស​ធំៗ​មួយ​ចំនួន​ទៀត​ផង។ ថៃ បាន​ទទួល​យក​ផែនទី​នោះ​ដោយ​មិន​មាន​ការ​តវ៉ា​អ្វី​ទេ។ ហើយ​គឺ​ផែនទី​នោះ​ហើយ ដែល​បាន​ដាក់​ភ្ជាប់​ក្នុង​ឧបសម្ពន្ធ​១ ក្នុង​ពាក្យ​បណ្ដឹង​របស់​កម្ពុជា មក​កាន់​តុលាការ​ក្រុង​ឡាអេ នេះ កាល​ពី​ឆ្នាំ​១៩៦២។ តុលាការ​ក៏​កាត់​ក្តី​ផ្អែក​ទៅ​លើ​ផែនទី​នោះ។ ហើយ ៥១​ឆ្នាំ​ក្រោយ​មក ថៃ ចោទ​ថា​កម្ពុជា បន្លំ​ផែនទី​នោះ មិន​ខុស​អី​ពី​មើល​ងាយ​ថា តុលាការ​ក្រុង​ឡាអេ នេះ​អសមត្ថភាព ឬ​ក៏​ជា​តុលាការ​ឆោត​ដែល​កាត់​ក្តី​ផ្អែក​ទៅ​លើ​ផែនទី​ក្លែងក្លាយ​នោះ​ទេ។

ខ្ញុំ​ជឿ​ថា តុលាការ​ប្រហែល​ជា​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​បែប​នេះ​បាន​ទេ។ តុលាការ​ក្រុង​ឡាអេ ជា​តុលាការ​កំពូល​របស់​ពិភពលោក ដែល​ជា​ទី​ប្រមូល​ផ្តុំ​នៃ​អ្នក​ច្បាប់​ជំនាញ​ផុត​លេខ​ពី​គ្រប់​ជ្រុងជ្រោយ​ នៃ​ពិភពលោក។ ពួក​គាត់​ប្រហែល​ជា​មិន​អាច​កាត់​ក្តី​រវាង​ជាតិ​មួយ និង​ជាតិ​មួយ​ទៀត ដោយ​ផ្អែក​លើ​ឯកសារ​បន្លំ​ដូច​ខាង​ថៃ ចោទ​នោះ​ទេ។

តុលាការ​យុត្តិធម៌​អន្តរជាតិ ៣០៥
១៨-មេសា-២០១៣៖ ទិដ្ឋភាព​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។

អ្នកស្រី ម៉ៅ សុធានី៖ ចុះ​រឿង​ថៃ លើក​ឡើង​ថា តុលាការ​នេះ​មិន​មាន​យុត្តាធិការ ឬ​សិទ្ធិ​ក្នុង​ការ​បកស្រាយ​រឿង​ក្តី​នេះ​យ៉ាង​ណា​ដែរ?

លោក ជុន ច័ន្ទបុត្រ៖ នេះ​ជា​អ្វី​ដែល​ថៃ ព្យាយាម​លើក​ភស្តុតាង​នានា​មក​បញ្ចុះ​បញ្ចូល​តុលាការ​ថា រឿង​ក្តី​នេះ​ចប់​សព្វ​គ្រប់​ហើយ តាំង​ពី​ឆ្នាំ​១៩៦២ មក​ម៉្លេះ។ ហើយ​ម៉្យាង​ទៀត ថៃ លើក​ឡើង​ថា តុលាការ​បាន​បដិសេធ​សំណើ​របស់​កម្ពុជា ម្តង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​១៩៦២ ដូច្នេះ​តុលាការ​ក៏​ត្រូវ​បដិសេធ​មិន​ទទួល​យក​សំណើ​របស់​កម្ពុជា ទៅ​បកស្រាយ​ទេ។ ត្រង់​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់​រួច​ហើយ​ថា តុលាការ​មិន​ដែល​បដិសេធ​សំណើ​របស់​កម្ពុជា ទេ។ លោក​អះអាង​ថា កម្ពុជា កាល​ពី​ឆ្នាំ​១៩៦២ នោះ បាន​សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​អោយ​បាន​ច្បាស់​នៅ​នាទី​ចុង​ក្រោយ​ទៅ​ ហើយ តុលាការ​ឆ្លើយ​ថា​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បកស្រាយ​ទេ។

កម្ពុជា បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា បាន​ស្នើ​អោយ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដែល​តុលាការ​បាន​សម្រេច​កាល​ពី ៥១​ឆ្នាំ​មុន។ កម្ពុជា មិន​មែន​មក​ស្នើ​អោយ​តុលាការ​កាត់​ក្តី ឬ​ក៏​សើរើ​រឿង​ក្តី​នេះ​ឡើង​វិញ​ទេ។

អ្នកស្រី ម៉ៅ សុធានី៖ ចុះ​អ្វី​ដែល​ថៃ លើក​ឡើង​ពី​ម្សិលមិញ ដែល​ថា​កម្ពុជា មិន​មាត់​មិន​ករ​អស់​រយៈពេល​កន្លះ​សតវត្ស​ទៅ​ហើយ ហើយ​ទើប​នឹង​មក​រឭក​ឡើង​វិញ​នៅ​ពេល​នេះ នោះ​យ៉ាង​ម៉េច​ដែរ?

លោក ជុន ច័ន្ទបុត្រ៖ តាម​ព្រឹត្តិការណ៍​ជាក់ស្តែង គឺ​ពួក​ក្រុម​អាវ​លឿង​របស់​ថៃ ទេ ដែល​សើរើ​រឿង​នេះ​ឡើង​វិញ នៅ​ពេល​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក រៀបចំ​សម្រេច​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក​នៅ​ឆ្នាំ​២០០៨។ ទោះ​បី​ជា​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​ហើយ​ក្តី ក្រុម​អាវ​លឿង​ថៃ ក៏​ចាប់​ទាមទារ​រឿង​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ នោះ​ទៅ។ ចំពោះ​ខាង​កម្ពុជា វិញ មិន​ដែល​បែង​ចែក​បញ្ហា​ប្រាសាទ​ផ្សេង បញ្ហា​ដី​ផ្សេង​ទេ។ ដូច​ខ្ញុំ​បាន​លើក​ពី​ខាង​ដើម ប្រាសាទ​ត្រូវ​តែ​ស្ថិត​នៅ​លើ​ទី​តាំង​ណា​មួយ មិន​អាច​ស្ថិត​នៅ​លើ​លំហ ឬ​អាកាស​បាន​ទេ។

តែ​អ្នកស្រី សុធានី តាម​មើល​ទៅ ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ ហាក់​ដូច​ជា​ដឹង​ពី​ជំហរ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ទៅ​ហើយ ហើយ​ពួក​គាត់​ក៏​ហាក់​បញ្ចេញ​អាកប្បកិរិយា ឬ​ប្រកាន់​ឫក​ថា អ្នក​ណា​ជា​អ្នក​ឈ្នះ ឬ​អ្នក​ណា​ជា​អ្នក​ចាញ់​រួច​ទៅ​ហើយ។

អ្នកស្រី ម៉ៅ សុធានី៖ លោក​ចង់​មាន​ន័យ​ថា​ម៉េច​ចំណុច​ហ្នឹង?

លោក ជុន ច័ន្ទបុត្រ៖ បាទ! អ្នកស្រី​ប្រហែល​បាន​ដឹង​ហើយ​ថា ខាង​ភាគី​ថៃ ខិតខំ​សម្បើម​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សវនាការ​នេះ​ទៅ​អោយ​ ប្រជាពលរដ្ឋ​ថៃ នៅ​ឯ​ប្រទេស​ថៃ បាន​ដឹង។ ថៃ បាន​បញ្ជូន​អ្នក​យក​ព័ត៌មាន​រាប់​សិប​នាក់​មក​កាន់​ក្រុង​ឡាអេ នេះ។ គេ​បាន​ចំណាយ​លុយ​យ៉ាង​សន្ធឹក​សន្ធាប់​ជួល​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​ក្រុង​ ឡាអេ នេះ ដើម្បី​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​ប្រទេស​ថៃ វិញ ដោយ​មាន​ក្រុម​អ្នក​បកប្រែ​ភាសា​ពី​អង់គ្លេស ឬ​បារាំង ជា​ភាសា​ថៃ ភ្លាមៗ​ផង។

ប្រការ​នេះ​ទំនង​ជា​ថៃ ចង់​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ថៃ វិញ​ថា ក្រុម​ប្រតិភូ​ថៃ បាន​ខិតខំ​ត​តាំង​ខ្លាំង​ណាស់​ជាមួយ​កម្ពុជា។ ប្រសិន​បើ​ថៃ ចាញ់​ក្តី​វិញ ក៏​ប្រហែល​ជា​ពួក​គាត់​អាច​មិន​ទទួល​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អ្នក​ជាតិ​ និយម​ទេ។ ម៉្យាង​ទៀត អ្នក​ដែល​ហែហម​គណៈប្រតិភូ​របស់​ថៃ ហាក់​ដូច​ជា​ទំនុក​បម្រុង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​កាសែត​ខ្លាំង​ណាស់។ ឧទាហរណ៍ រាល់​ពេល​ដែល​ក្រុម​អ្នក​ច្បាប់​ថៃ ឡើង​បកស្រាយ​ម្តងៗ ពួក​គាត់​តែង​មាន​ឯកសារ​ទាំង​នោះ​ថត​ចម្លង​ចែក​ដល់​អ្នក​កាសែត​ភ្លាមៗ។ ចំណុច​នេះ ជួយ​ច្រើន​ណាស់​ដល់​អ្នក​កាសែត។ ដូច​លោក​បាន​ដឹង​ហើយ ការ​តាម​ដាន​ស្តាប់​ការ​ឡើង​ថ្លែង​ជា​ភាសា​បរទេស​ផង ហើយ​កត់ត្រា​ផង រួច​ប្រែ​ជា​ភាសា​ជាតិ​ផង​នោះ មាន​ការ​លំបាក​ជាង​ការ​ដែល​មាន​ឯកសារ​មើល ដើម្បី​ផ្ទៀងផ្ទាត់​សាចុះសាឡើង។

ឯ​ខាង​ភាគី​កម្ពុជា វិញ រៀប​ឫក​ដូច​ជា​អ្នក​ឈ្នះ​ទៅ​ហើយ។ នៅ​ទី​នេះ មិន​ឃើញ​មាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​ណា​ម្នាក់​មក​យក​ ព័ត៌មាន​ទេ ក្រៅ​ពី​ភ្នាក់ងារ​របស់​វិទ្យុ​អាស៊ីសេរី ម្នាក់ ពី​វិទ្យុ​បារាំង ម្នាក់ និង​ពី​ទូរទស្សន៍​ស៊ី.អិន.ស៊ី (CNC) ម្នាក់។ រីឯ​អ្នក​ហែហម​គណៈប្រតិភូ​វិញ ក៏​ហាក់​ដូច​មិន​ចាប់​អារម្មណ៍​មក​គួរសម​លើក​ទឹក​ចិត្ត ឬ​ក៏​មិន​ខ្វល់​នឹង​ជួយ​ផ្តល់​ឯកសារ ឬ​ព័ត៌មាន​អ្វី​ដល់​អ្នក​កាសែត​ខ្មែរ​បី​គ្រាប់​នេះ​ដែរ។

ក៏ប៉ុន្តែ យ៉ាង​ណា​ក៏ដោយ យើង​អ្នក​កាសែត​វិភាគ គ្រាន់​តែ​ជា​ការ​វិភាគ​ផ្អែក​ទៅ​លើ​អ្វី​ដែល​យើង​បាន​ឮ និង​បាន​ឃើញ​តែ​ប៉ុណ្ណោះ។ អាច​នៅ​មាន​រឿង​ច្រើន​ទៀត​ណាស់​ដែល​យើង​មិន​អាច​ដឹង​បាន។ ហើយ​ការ​សម្រេច​មែន​ទែន ថា​ខាង​ណា​ឈ្នះ ខាង​ណា​ចាញ់​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ​ពិភពលោក​នេះ។

អ្នកស្រី ម៉ៅ សុធានី៖ ប្រាកដ​ហើយ​លោក។ ចុះ​ពេល​ណា​ទើប​តុលាការ​នឹង​ចេញ​ការ​សម្រេច​ចិត្ត?

លោក ជុន ច័ន្ទបុត្រ៖ បាទ! ដំណឹង​ដែល​យើង​ទទួល​បាន​ខុស​គ្នា​បន្តិច ជួន​ថា​ខែ​កញ្ញា ឬ​តុលា ឬ​អាច​ទៅ​ដល់​ខែ​វិច្ឆិកា។ តែ​ទោះ​ជា​យ៉ាង​ណា តុលាការ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ប្រាំ​មួយ​ខែ​ទៀត ទើប​ចេញ​សេចក្តី​សម្រេច​ចិត្ត​បាន។ ប្រភពី វិទ្យុអាស៊ីសេរី ( RFA)

អ្នកស្រី ម៉ៅ សុធានី៖ ចាស៎ អរគុណ​លោក ជុន ច័ន្ទបុត្រ!

លោក ជុន ច័ន្ទបុត្រ៖ បាទ! សូម​អរគុណ និង​ជម្រាប​លា​តែ​ប៉ុណ្ណេះ​សិន!

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s