លោក ហ៊ុន សែន ព្រមាន​នឹង​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត


ហ៊ុន សែន ៣០៥

១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។វិទ្យុអាស៊ីសេរី (RFA)

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៩ ខែ​មេសា បាន​ប្រកាស​ថា បើ​លោក​ចាញ់​ឆ្នោត គឺ​មិន​ឲ្យ​គេ​ចាប់​យក​ទៅ​កាត់​ទោស​ដោយ​ស្រួលៗ​នោះ​ទេ។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​ប្រកាស​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១៧ មេសា ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត នឹង​ចាប់​អតីត​អ្នក​ដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន យក​ទៅ​កាត់​ទោស​ទាំងអស់។

ការ​ប្រកាស​នេះ គឺ​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​នៅ​វត្ត​អំពិលវន្ត នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​ពាន់​នាក់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ថា ការ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​នោះ គឺ​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា និង​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា។

ការ​ប្រកាស​ព្រមាន​អំពី​សង្គ្រាម​ផ្ទៃ​ក្នុង​នោះ គឺ​ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​តាម​វីដេអូ​ខនហ្វើរិន (Video Conference) កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា កន្លង​ទៅ​នេះ ពី​សហរដ្ឋ​អាមេរិក មក​ក្នុង​ពិធី​មួយ​នៅ​បឹង​ជើងឯក ដើម្បី​រំឭក​ខួប ៣៨​ឆ្នាំ​នៃ​របប​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ កន្លង​ទៅ​ថា បើ​សិន​ណា​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​កាន់​អំណាច លោក​នឹង​ចាប់​ខ្លួន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នៅ​ក្នុង​រដ្ឋាភិបាល យក​ទៅ​កាត់​ទោស​មិន​ខាន​ឡើយ។

កន្លង​មក លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹង​ត្របែក​សម័យ​ខ្មែរ​ក្រហម និង​បាន​ចោទ​ទៀត​ថា លោក ហ៊ុន សែន ជា​អតីត​មេ​បញ្ជា​ការ​កងទ័ព​ខ្មែរ​ក្រហម​ជាដើម។

ប្រតិកម្ម​ទៅ​ការ​ប្រកាស​បែប​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ថា គ្មាន​នរណា​មួយ​សុខ​ចិត្ត​ឲ្យ​គេ​ចាប់​ខ្លួន​ស្រួលៗ​នោះ​ទេ គឺ​គេ​នឹង​តប​ត​វិញ​មិន​ខាន​ឡើយ។ លោក​បាន​ព្រមាន​ថា លោក សម រង្ស៊ី មិន​ទាន់​បាន​ឈ្នះ​ឆ្នោត​ផង គាត់​ហ៊ាន​ប្រកាស​បែប​នេះ គឺ​ជា​ការ​បង្ក​សង្គ្រាម​ផ្ទៃ​ក្នុង​ទៅ​ហើយ។

លោក ហ៊ុន សែន៖ «មិន​ដែល​ម៉ែ​អា​ណា​ទ្រាំ​ឲ្យ​ចាប់​ទេ​វើយ… ប្រាប់​ឲ្យ​ហើយ​ទៅ គេ​ដាក់​ផូស​តែ​ឥឡូវ ចោទ​ប្រទេស​ជិត​ខាង​ជា​អ្នក​ឈ្លាន​ពាន។ អីចឹង​សង្គ្រាម​ផ្ទៃ​ក្នុង និង​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ជៀស​មិន​ផុត​ទេ ដូច​សម័យ​អា​ពត​អីចឹង។ ហើយ​ខ្ញុំ​ចង់​ឲ្យ​ផ្សាយ​ទាំង​សំឡេង​របស់​គេ​ថែម​ទៀត ដើម្បី​ឲ្យ​សារ​ជូន​ប្រជាពលរដ្ឋ»

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា លោក ហ៊ុន សែន ទំនង​ជា​ភ័យ​ខ្លាច​ចាញ់​ឆ្នោត ទើប​លោក​បំភ័យ​ប្រជាពលរដ្ឋ​ដូច្នេះ។ លោក​បញ្ជាក់​ថា គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ មិន​បង្ក​សង្គ្រាម​ទេ។

យឹម សុវណ្ណ ៣០៥
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត ស្ដីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។ វិទ្យុអាស៊ីសេរី (RFA)/Sok Serey

លោក យឹម សុវណ្ណ៖ «គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធានា​មិន​ឲ្យ​មាន​សង្គ្រាម​ជា​ដាច់​ខាត ធ្វើ​ការ​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ បុគ្គល​ណា​បង្ក​សង្គ្រាម យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សង្គ្រាម​ទេ។ ហើយ​ខ្ញុំ​ជឿ​ថា ទាហាន ប៉ូលិស មិន​គាំទ្រ​សង្គ្រាម​ដែរ ពីព្រោះ​គាត់​រស់នៅ​ជាមួយ​ប្រាក់​ខែ​គ្រប់គ្រាន់ គាត់​គ្មាន​បារម្ភ​អ្វី​ទៀត»

ការ​ឆ្លើយ​ឆ្លង​ពាក្យ​សម្ដី​រវាង​លោក ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​កត់​សម្គាល់​ថា គឺ​ជា​កម្ដៅ​នយោបាយ ឬ​ហិង្សា​ពាក្យ​សម្ដី​ថ្មី​មួយ​ទៀត។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត គប្បី​រក្សា​ភាព​នឹងន និង​ជ្រើសរើស​គណបក្ស​ណា​ដែល​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ៖ «សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង មិន​បាច់​រង​ទទួល​នូវ​ការ​អូស​ទាញ ឬ​ក៏​បង្ខិត​បង្ខំ​ពី​អ្នក​ណា​ម្នាក់។ នោះ​ជា​រឿង​សំខាន់ ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ»

នៅ​ក្នុង​ឱកាស​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​នៅ​វត្ត​អំពិលវន្ត នៅ​ខេត្ត​កំពង់ស្ពឺ នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាករ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ឆ្នោត​ជា​ថ្មី​ទៀត ដោយសារ​តែ​ការ​សិក្សា​មួយ​រក​ឃើញ​ថា គណបក្ស​ប្រឆាំង​មួយ​មាន​សំឡេង​គាំទ្រ​មិន​ដល់ ២​លាន​នាក់​ផង និង​គណបក្ស​ប្រឆាំង​មួយ​ទៀត មាន​សំឡេង​គាំទ្រ​មិន​ដល់ ៣​លាន​នាក់​ផង។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មាន​អ្នក​គាំទ្រ​ចំនួន ៦០% ក្នុង​នោះ​មាន​សកម្មជន​គាំទ្រ​ចំនួន​ជាង ៤​លាន​នាក់ និង​អ្នក​គាំទ្រ​ដទៃ​ទៀត​ជា​សរុប​ប្រមាណ​ជាង ៦​លាន​នាក់។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា កន្លង​ទៅ​នេះ​ថា ប្រជាពលរដ្ឋ​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ គឺ​សរុប​ចំនួន​ជាង ៩​លាន ៦​សែន​នាក់៕ប្រភពពី​ វិទ្យុអាស៊ីសេរី (RFA)

About គេហទំព័រទ្រឹស្តីចក្រ​

ការជួយចែករំលែក ជូនអ្នកជាការពេញចិត្ត​របស់ខ្ញុំ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ភូមិសាស្ត្រនយោបាយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s